សំណល់ និងផលិតកម្មបៃតង

165

ជីវិតដ៏ស្រស់បំព្រងលើលោកនេះអាចត្រូវបានរក្សា ឬប៉ះពាល់គឺដោយសារទង្វើរបស់មនុស្សលោក។ រៀងរាល់ថ្ងៃ ប្រជាជនទូទាំងសកលលោកបាននិងកំពុងប្រើប្រាស់ផលិតផល និងសេវាកម្មដើម្បីបម្រើសកម្មភាពក្នុងសង្គម។ ទង្វើផ្សេងៗជៀសវាងមិនផុតពីការប៉ះពាល់ ឬប្រើប្រាស់ធនធានធម្មជាតិ។ តាមទិន្នន័យរបស់ធនាគារពិភពលោក ឆ្នាំ២០២០ បានឱ្យដឹងថា នៅជុំវិញពិភពលោក អត្រាកាកសំណល់កំពុងកើនឡើង ។

ពិភពលោកត្រូវបានគេប៉ាន់ប្រមាណថានឹងបង្កើតកាកសំណល់រឹង ២,២៤ពាន់លានតោន ដែលគិតជាមធ្យម មនុស្សម្នាក់បន្សល់កាកសំណល់ប្រមាណ ០,៧៩គីឡូក្រាម ក្នុង១ថ្ងៃ។ ជាមួយនឹងកំណើនប្រជាជនយ៉ាងឆាប់រហ័សនិងកំណើនទីក្រុង កាកសំណល់ប្រចាំឆ្នាំត្រូវបានគេរំពឹងថានឹងកើនឡើងរហូតដល់ទៅ ៣.៨៨ពាន់លានតោនក្នុងឆ្នាំ ២០៥០ ដែលកើនឡើង ៧៣% បើប្រៀបធៀបទៅនឹងឆ្នាំ 2020។

ដូច្នេះការថែទាំធម្មជាតិឱ្យបានល្អ ពិតជាមានសារប្រយោជន៍ ពោលគឺដូចជាការថែទាំជីវិតមនុស្សសត្វនិងរុក្ខជាតិយ៉ាងដូច្នោះដែរ។ គោលដៅរបស់អង្គការសហប្រជាជាតិដើម្បីអភិវឌ្ឍប្រកបដោយចីរភាព (SDG) បានកំណត់ទិសដៅ និងសកម្មភាព ព្រមទាំងការតាមដានវាស់វែងប្រសិទ្ធភាពនៃសកម្មភាពទាំងនេះ។ SDG មានទិសដៅជាច្រើន ក្នុងនោះមានដូចជា​ សុខភាពល្អ និងសុខមាលភាព,  ទឹកស្អាត​ និងមានអនាម័យ, ថាមពលដែលមានតម្លៃសមរម្យនិងស្អាត, ទីក្រុងនិងសហគមន៍ប្រកបដោយនិរន្តរភាព, សកម្មភាពអាកាសធាតុ, ជីវិតនៅក្រោមទឹក និង ជីវិតនៅលើដី ជាដើម ។ល។

យ៉ាងណាក៏ដោយ ក៏នៅមានប្រជាពលរដ្ឋមួយចំនួនពុំទាន់មានការយល់ដឹងពីគុណវិបត្តិនៃការចោលសំរាមពាសវាលពាសកាលនៅឡើយ ហើយយើងក៏សូមអំពាវនាវដល់អ្នកដែលធ្វើដំណើរទៅកំសាន្តនៅតាមរមណីដ្ឋានធម្មជាតិនានា ឬតាមទីកន្លែងនានាក្ដី មេត្តាជួយវេចខ្ចប់សំរាមឱ្យបានល្អ និងដើររកធុងសំរាម ចោលសំរាមក្នុងធុងសំរាមឱ្យបានត្រឹមត្រូវ ឬបើគ្មានធុងសំរាម គួរវេចខ្ចប់សំរាមមកចោលនៅឯផ្ទះរបស់ខ្លួនវិញ ដើម្បីជាប្រយោជន៍ដល់យើងខ្លួនឯង ក៏ដូចជាប្រយោជន៍ដល់បរិស្ថានផងដែរ។​

ការគ្រប់គ្រងកាកសំណល់មិនបានល្អមានផលប៉ះពាល់ដល់ជាច្រើន ដោយសារប្លាស្ទិកត្រូវការពេលយូរ ដើម្បីវាពុកផុយ វាក្លាយជាកម្ទេចប្លាស្ទិកតូចៗដែលបង្កហានិភ័យដោយបញ្ចេញសារធាតុគីមីពុលទៅក្នុងបរិស្ថាន សម្លាប់សត្វ និងប៉ះពាល់ដល់សុខភាពមនុស្ស បណ្ដាលឱ្យមានជម្ងឺឆ្លងមកពីមីក្រូសារពាង្គកាយ បង្ករទៅជាជម្ងឺផ្លូវដង្ហើម ពុលអាហារ ឆ្លងមេរោគទៅក្នុងបំពង់ទឹកនោម។ ជាតិពុលដែលហូរចេញពីគំនរសំរាម ជ្រាបទៅបំពុលដី និងទឹក។

ក្នុងន័យនេះ យើងម្នាក់ៗត្រូវមានទំនួលខុសត្រូវចូលរួមចំណែកការពារបរិស្ថានដើម្បីភាពសុខដុមរមនានៃជីវិតនិងការអភិវឌ្ឍសង្គមប្រកបដោយចីរភាព។ យើងអាចចាប់ផ្តើមដោយអនុវត្តន៍តាមគោលការណ៍ 3R គឺ កាត់បន្ថយ (Reduce), ប្រើប្រាស់ឡើងវិញ (Reuse) និង​ ការកែច្នៃឡើងវិញ (Recycle)។ ដោយងាយៗ យើងអាចចាប់ផ្ដើមពីការប្រមូលទុកដាក់ឱ្យមានអនាម័យ ញែកសំរាមតាមប្រភេទ ឧទាហរណ៍ សំរាមងាយរលាយ សំរាមប្រើឡើងវិញបាន សំរាមគ្រោះថ្នាក់ ។ល។ ចំណែកសំណល់រាវ យើងត្រូវគ្រប់គ្រង និងកែច្នៃដោយធ្វើយ៉ាងណាមិនប៉ះពាល់បរិស្ថាន។

ការទុកដាក់កាកសំណល់ឱ្យបានត្រឹមត្រូវ អាចនាំឱ្យមានផលចំណេញយ៉ាងច្រើនដែលយើងអាចច្នៃប្រើប្រាស់សាជាថ្មី កែច្នៃទៅជារ​បស់​ប្រើប្រាស់ឡើងវិញ ជាពិសេស កាកសំណល់ដែលអាចច្នៃទៅជាជីកំប៉ុស្តិ៍បាន ពិតជាជួយ និងចូលរួមចំណែកដល់ដំណាំដាំដុះរបស់អ្នកប្រើប្រាស់បានល្អ។ យើងគួរព្យាយាមធ្វើយ៉ាងណាដើម្បីកាត់បន្ថយកាកសំណល់តាមលទ្ធភាពដែលអាចធ្វើបាន។

ជាមួយគ្នានេះដែរ Waste Summit Cambodia ដែលជាកិច្ចប្រជុំកំពូលប្រចាំឆ្នាំដែលប្រមូលផ្ដុំភាគីពាក់ព័ន្ធកាកសំណល់ចាប់ពីរដ្ឋាភិបាលរហូតដល់អង្គការក្រៅរដ្ឋាភិបាល ក្រុមហ៊ុនអាជីវកម្ម និងអ្នកតស៊ូមតិដើម្បីពិភាក្សាអំពីដំណោះស្រាយកាកសំណល់ប្រកបដោយភាពច្នៃប្រឌិត បានរៀបចំកម្មវិធីជួបជុំមួយនៅរាជធានីភ្នំពេញកាលពីថ្ងៃទី​ ១៣ ឧសភា ២០២៣។

ក្នុងកម្មវិធីតាំងពិព័រណ៍របស់ Waste Summit Cambodia មានមហាជនជាច្រើនបានចូលរួម ហើយក៏មានចំណាប់អារម្មណ៍លើប្រធានបទដែលកម្មវិធីបានរៀបចំឡើងអំពីការគ្រប់គ្រងកាកសំណល់ផងដែរ។ ក្រសួងជាប់ពាក់ព័ន្ធ ស្ថាប័ន បុគ្គល ក្រុមយុវជន ពួកគេខ្លះក៏បានព្យាយាមប្រើប្រាស់ជំនាញរបស់ខ្លួនដើម្បីធ្វើការផ្សព្វផ្សាយ អំពាវនាវ លើកទឹកចិត្ត ជម្រុញ និងបញ្ជ្រាប ឱ្យអ្នកដទៃឯទៀតក្នុងសហគមន៍នានា បានសិក្សាស្វែងយល់អំពីគុណសម្បត្តិនៃការទុកដាក់កាកសំណល់ឱ្យបានល្អ និងគុណវិបត្តិនៃការទុកដាក់កាកសំណល់មិនបានល្អផងដែរតាមរយៈវីដេអូ រូបថត និងស្នាដៃសិល្បៈផ្សេងៗជាច្រើនទៀត។

ក្នុងឱកាសដ៏ល្អនេះ មិសុតា ពិតជាមានកិត្តិយស និងរីករាយជាខ្លាំងដែលបានចូលរួមតាំងពិព័រណ៍ជាមួយអាជីវកម្មជាង ៤០ ផ្សេងៗទៀតក្នុងកម្មវិធីរបស់ Waste Summit Cambodia ។ មិសុតា ដែលទទួលបាន ពានរង្វាន់មាសពីឧស្សហកម្មបៃតងកម្ពុជា ផ្នែកបរិស្ថានស្អាត ក្នុងឆ្នាំ ២០២១ តែងតែប្ដេជ្ញាចិត្តយ៉ាងមុតមាំ គោរពតាមគោលការណ៍របស់ស្ដង់ដារសុវត្ថិភាពអាហារ ព្រមទាំងគាំទ្រនិងចូលរួមការពារបរិស្ថាន និងសុខភាពសាធារណៈជន។

 

តើអ្នកមានគំនិតអ្វីផ្សេងទៀតដើម្បីជួយឱ្យបរិស្ថានពិភពលោករបស់យើងកាន់តែល្អប្រសើរឡើង?

ឯកសារយោង៖ https://www.worldbank.org/en/topic/urbandevelopment/brief/solid-waste-management