04
មីនា

ការផ្សងព្រេងដោយក្តីស្រលាញ់

មិសុតា៖ កើតចេញពីក្តីស្រឡាញ់ និងការលះបង់ដើម្បីមាតុភូមិ

មិសុតា បានចាប់ផ្តើមឡើងតាមរយៈដំណើរដ៏មានអត្ថន័យចេញពីបេះដូងរបស់ប្តីប្រពន្ធខ្មែរមួយគូ។ ក្នុងឆ្នាំ ២០១២ លោក តាន់ មីសស្សែល ដែលមានស្រុកកំណើតនៅខេត្តបាត់ដំបង បានវិលត្រឡប់មកពីប្រទេសបារាំងវិញ រួមជាមួយភរិយារបស់លោកគឺ លោកស្រី ឈុយ សូភី ដើម្បីមកជួយមើលថែឪពុកដែលមានវ័យជរា និងជួយគ្រប់គ្រងអាជីវកម្មគ្រួសារនៅក្នុងខេត្តកំណើត។ បន្ទាប់ពីបានចាកចេញពីប្រទេសកម្ពុជា មុនពេលរបបខ្មែរក្រហមចាប់ផ្តើម លោក មីសស្សែល បានបន្តការសិក្សា និងចាប់យកអាជីពជាវិស្វករបញ្ជូនរលកសញ្ញាទូរទស្សន៍នៅក្នុងប្រទេសបារាំង។ ទោះជាយ៉ាងណា លោកតែងតែមានអារម្មណ៍ចង់វិលត្រឡប់មកកាន់ទឹកដីកំណើតវិញ។

ដោយបានឃើញនូវការខ្ទេចខ្ទាំនៃមាតុភូមិដោយសារសង្គ្រាម លោកមានបំណងប្រាថ្នាយ៉ាងខ្លាំងក្នុងការរួមចំណែកស្តារប្រទេសឡើងវិញ។ លោកស្រី សូភី ក៏មានទឹកចិត្តដូចគ្នាដែរ។ ពួកគាត់បានកត់សម្គាល់ឃើញថា ក្នុងរដូវប្រមូលផល ផ្លែឈើស្រស់ៗក្នុងស្រុកដ៏ច្រើនសន្ធឹកសន្ធាប់ត្រូវបានទុកចោលដោយគ្មានការកែច្នៃ ខណៈដែលអ្នកភូមិជាច្រើនបានធ្វើចំណាកស្រុកទៅរកការងារធ្វើនៅប្រទេសជិតខាង ដែលបណ្តាលឱ្យទិន្នផលផ្លែឈើត្រូវរលួយចោលឥតប្រយោជន៍។ បើទោះបីជាពួកគាត់ទាំងពីរមិនមានចំណេះដឹងផ្នែកកសិកម្មក៏ដោយ ប៉ុន្តែបទពិសោធន៍តែមួយគត់ដែលពួកគាត់មាន គឺការជួយឪពុករបស់លោក មីសស្សែល ក្នុងការសម្អាត និងវេចខ្ចប់ក្រូចពោធិ៍សាត់ស្រស់ៗ ដើម្បីចែកចាយក្នុងស្រុក និងទៅប្រទេសជិតខាង កាលពីអំឡុងឆ្នាំ ១៩៧០។ ដូច្នេះហើយ ពួកគាត់ទាំងពីរបានសម្រេចចិត្តបង្កើតក្រុមហ៊ុន មិសុតា ដោយឈានជើងចូលក្នុងឧស្សាហកម្មកែច្នៃអាហារ ដែលជាវិស័យមួយដែលមនុស្សភាគច្រើនរារែកមិនហ៊ានធ្វើ ដោយសារហានិភ័យខ្ពស់។ កម្លាំងចលករដ៏ចម្បងនោះ មិនមែនជាប្រាក់ចំណេញឡើយ ប៉ុន្តែគឺការផ្តោតលើការបង្កើតការងារជូនអ្នកភូមិ និងការជួយដល់កសិករក្នុងស្រុកក្នុងការដោះស្រាយបញ្ហាសល់ផ្លែឈើជារៀងរាល់ឆ្នាំ។ នេះហើយដែលយើងហៅថា «ក្តីស្រឡាញ់»។

ប្តីប្រពន្ធដ៏មុតមាំមួយគូនេះ បានជួបប្រទះនូវបញ្ហាប្រឈមជាច្រើនក្នុងអំឡុងពេលដំបូងនៃការបង្កើតរោងចក្រនៅខេត្តបាត់ដំបងក្នុងឆ្នាំ ២០១៧ ជាពិសេសនៅពេលដែលវិបត្តិជំងឺកូវីដ-១៩ បានផ្ទុះឡើង។ ប៉ុន្តែ ក្តីស្រឡាញ់ និងការប្តេជ្ញាចិត្តមិនរង្គោះរង្គើ បានក្លាយជាកម្លាំងដ៏សំខាន់ក្នុងការឆ្លងកាត់ដំណាក់កាលដ៏លំបាកនេះ។ ទោះបីស្ថិតក្នុងស្ថានភាពបែបណាក៏ដោយ ពួកគាត់នៅតែបន្តគាំទ្របុគ្គលិក ដោយបង្ហាញពីការយកចិត្តទុកដាក់ចំពោះសុខុមាលភាពរបស់ពួកគេ ក្នុងខណៈពេលដែលមានការព្រួយបារម្ភពីការបាត់បង់ការងារ។ នៅពេលនោះ ក្រុមហ៊ុនមិនទាន់មានទាំងការលក់ និងផលិតកម្មនៅឡើយ ដោយសារការបញ្ជាក់លើគុណភាពផលិតផល និងចង្វាក់ផលិតកម្មមិនទាន់បានបញ្ចប់សព្វគ្រប់។ រហូតដល់ឆ្នាំ ២០២១ មិសុតា ក៏បានចាប់ផ្តើមមានសន្ទុះឡើងវិញ ជាមួយនឹងបរិមាណផលិតកម្មដំបូង និងបានទទួលវិញ្ញាបនបត្រ HACCP ផ្នែកសុវត្ថិភាពចំណីអាហារដោយជោគជ័យ។ ចំណុចរបត់ដ៏សំខាន់នេះ ត្រូវបានកត់សម្គាល់តាមរយៈការនាំចេញផលិតផលទៅកាន់ប្រទេសជប៉ុនជាលើកដំបូង ដែលបាននាំមកនូវក្តីសង្ឃឹម និងទិសដៅថ្មីសម្រាប់ស្ថាបនិក និងក្រុមការងារទាំងមូល។

គោលដៅរបស់យើងគឺការជំរុញស្មារតីសហគមន៍ តាមរយៈការបង្កើតឱកាសការងារទាំងផ្ទាល់ និងប្រយោល ដោយការផ្តល់នូវផលិតផលអាហារដែលមានសុវត្ថិភាព និងគុណភាពខ្ពស់សម្រាប់អតិថិជន និងអ្នកប្រើប្រាស់។ រាល់ផលិតផលរបស់យើង ត្រូវបានសម្រិតសម្រាំងចេញពីផ្លែឈើស្រស់ៗដែលជ្រើសរើសយ៉ាងយកចិត្តទុកដាក់ពីក្នុងប្រទេសកម្ពុជា។

នៅមិសុតា បេសកកម្មរបស់យើងគឺចាក់គ្រឹះចេញពី «ក្តីស្រឡាញ់»។ យើងខ្ញុំសូមថ្លែងអំណរគុណចំពោះការគាំទ្ររបស់លោកអ្នក ក្នុងការចែករំលែកក្តីស្រឡាញ់នេះទៅកាន់កសិករ អ្នកប្រើប្រាស់ និងដៃគូទាំងអស់របស់យើងខ្ញុំ។

ដើម្បីស្វែងយល់បន្ថែមអំពី មិសុតា និងផ្លែឈើកម្ពុជា យើងខ្ញុំសូមលើកទឹកចិត្តលោកអ្នកភ្ជាប់ទំនាក់ទំនងបន្តដោយស្កេន QR កូដដែលបានផ្ដល់ជូន ដើម្បីចូលទៅកាន់ឆានែល ឬទំព័ររបស់យើងខ្ញុំ។