ក្រុមការងារ ADB Frontier ចុះពិនិត្យរោងចក្រកែច្នៃចំណីអាហារមិសុតានៅខេត្តបាត់ដំបង
នៅថ្ងៃទី ១៣ ខែមករា ឆ្នាំ២០២៦ គណៈប្រតិភូពីក្រុមការងារ ADB Frontier បានចុះទស្សនកិច្ច នៅរោងចក្រកែច្នៃចំណីអាហារ មិសុតា (Misota) ក្នុងខេត្តបាត់ដំបង ដើម្បីពិនិត្យមើលវឌ្ឍនភាពនៃសកម្មភាពកែច្នៃផ្លែឈើ និងស្វែងយល់ពីការរួមចំណែករបស់ខ្លួន ដល់ខ្សែសង្វាក់តម្លៃកសិកម្មក្នុងស្រុក។
ការគាំទ្រផ្នែកហិរញ្ញវត្ថុយុទ្ធសាស្ត្រតាមរយៈឥណទានផ្អែកលើចំណូល
ចាប់តាំងពីឆ្នាំ ២០២៥ មក ក្រុមហ៊ុនមិសុតាបានទទួលអត្ថប្រយោជន៍ពី ដំណោះស្រាយហិរញ្ញវត្ថុដែលផ្តល់ដោយ ADB Frontier ក្នុងទម្រង់ជា ឥណទានផ្អែកលើចំណូល (revenue-based financing)។ គំរូហិរញ្ញវត្ថុដ៏បត់បែននេះបានអនុញ្ញាតឱ្យ មិសុតាពង្រីកប្រតិបត្តិការរបស់ខ្លួនស្របតាមលំហូរសាច់ប្រាក់ និងតម្រូវការទីផ្សារ ព្រមទាំងជួយជំរុញកម្លាំងពលកម្មក្នុងស្រុក។ ការគាំទ្រនេះបានធ្វើឱ្យមិសុតាអាច បង្កើនសមត្ថភាពផ្គត់ផ្គង់ទ្វេដង ពីការទទួលទិញស្វាយស្រស់ ១០ តោនក្នុងមួយថ្ងៃ ទៅដល់ ២០ តោនក្នុងមួយថ្ងៃ។

ការពង្រីកនេះមានផលប៉ះពាល់ជាវិជ្ជមាន ដោយផ្ទាល់ទៅលើសហគមន៍មូលដ្ឋាន តាមរយៈការផ្តល់ទីផ្សាររឹងមាំ និងអាចទុកចិត្តបានសម្រាប់កសិករដាំស្វាយក្នុងតំបន់ និងជាពិសេស ជួយទ្រទ្រង់ឱកាសការងាររាប់រយ នៅក្នុងខេត្តបាត់ដំបង។
ក្នុងអំឡុងពេលចុះទស្សនកិច្ចនៅទីតាំងជាក់ស្តែង ក្រុមការងារ ADB Frontier បានកត់សម្គាល់វឌ្ឍនភាពសំខាន់ៗមួយចំនួន៖
- ការបង្កើនសមត្ថភាពផ្គត់ផ្គង់ និងកែច្នៃ: ជាមួយនឹងសមត្ថភាពកែច្នៃស្វាយបាន ២០ តោនក្នុងមួយថ្ងៃឥឡូវនេះ មិសុតាបានបង្កើនឱកាសដើម្បីបំពេញតម្រូវការនាំចេញដែលកំពុងកើនឡើង។
- ឧត្តមភាពប្រតិបត្តិការ: រោងចក្រនេះបន្តប្រកាន់ខ្ជាប់នូវស្តង់ដារសុវត្ថិភាពអាហារអន្តរជាតិ រួមមាន GMP, HACCP, និង BRCGS ធានាថាផលិតផលកសិកម្មរបស់កម្ពុជា នៅតែមានការប្រកួតប្រជែងនៅលើឆាកសកល។
- ផលប៉ះពាល់សេដ្ឋកិច្ច: តាមរយៈការបង្កើនសមត្ថភាពផ្គត់ផ្គង់ទ្វេដង និងការពង្រីកប្រតិបត្តិការ មិសុតាបានពង្រឹងខ្សែសង្វាក់តម្លៃកសិកម្មក្នុងស្រុក បង្កើតការងាររាប់រយ និងបង្កើនប្រាក់ចំណូល សម្រាប់សហគមន៍កសិកម្មជនបទ។

ភាពជាដៃគូនេះសង្កត់ធ្ងន់លើការប្តេជ្ញាចិត្តរបស់ ADB Frontier ក្នុងការគាំទ្រសហគ្រាសធុនតូច និងមធ្យម (SMEs) ដែលមានសក្តានុពលខ្ពស់ តាមរយៈហិរញ្ញប្បទានប្រកបដោយភាពច្នៃប្រឌិត។ តាមរយៈការផ្តល់ឧបករណ៍ចាំបាច់សម្រាប់មិសុតា ដើម្បីពង្រីកខ្លួន ADB Frontier កំពុងជួយជំរុញកំណើនសេដ្ឋកិច្ចប្រកបដោយចីរភាព និងការនាំចេញនៅក្នុងវិស័យកសិពាណិជ្ជកម្មរបស់កម្ពុជា។








